• អាទិត្យ. ធ្នូ 22nd, 2024

ឯកឧត្តមបណ្ឌិត ងិន បាណាល់ ៖ ការកសាងសមត្ថភាពយុវជនក្នុងខេត្តព្រៃវែង ជាកិច្ចការអាទិភាពមួយរបស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង

មិថុនា 16, 2024

ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានគូសបញ្ជាក់ថា ការកសាងសមត្ថភាពយុវជនក្នុងខេត្តព្រៃវែង ជាកិច្ចការអាទិភាពមួយរបស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដែលជានិច្ចកាលគឺមានការយកចិត្តដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមបណ្ឌិត និងឯកឧត្តម អ៊ុំ ប៊ុនឡេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលបរទេស (ភាសាចិន និងភាសាអង់គ្លេស) ដល់សិស្សានុសិស្សក្នុងខេត្តព្រៃវែង ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្តព្រៃវែង។

ថ្លែងពីវេទិកាគណៈអធិបតី ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានគូសបញ្ជាក់ដែរថា កន្លងមកក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង តាមរយៈការិយាល័យបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអប់រំ បានរៀបចំ និងបើកវគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនលើករួចហើយ ក្នុងនោះក៏មានវគ្គបណ្តុះបណ្តាលដែលមានអត្ថប្រយោជន៍សម្រាប់យុវជនក្នុងយុគសម័យឌីជីថល ក្នុងគោលបំណងរួមចំណែកកសាងសមត្ថភាពអ្នកជំនាន់ក្រោយ ដែលជាសសរទ្រូងនៃប្រទេសជាតិ ដើម្បីក្លាយជាធនធានមនុស្សពិតប្រាកដរបស់សង្គម។

ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានបន្តថា ចំពោះវគ្គបណ្តុះបណ្តាលភាសាបរទេស (ភាសាចិន និងភាសាអង់គ្លេស) ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្អូនៗសិស្សានុសិស្ស ព្រោះបច្ចុប្បន្នកំពុងតែមានតម្រូវការយ៉ាងខ្លាំងក្នុងទីផ្សារការងារ និងអាជីវកម្មនានា និងត្រៀមឈានទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

ជាទីបញ្ចប់ ក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានស្នើដល់លោកគ្រូ អ្នកគ្រូ ដែលបង្រៀនក្នុងវគ្គបណ្តុះបណ្តាលនេះទាំងអស់ ត្រូវផ្ទេរចំណេះ ជំនាញឱ្យមានប្រសិទ្ធភាពដល់ប្អូនៗសិស្សានុសិស្ស ដើម្បីធានាថា ក្រោយបញ្ចប់វគ្គ ពួកគាត់អាចមានសមត្ថភាពយកទៅប្រើការបាន ឬបានបង្កើនចំណេះរបស់ខ្លួនជាងមុន។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានជំរុញឱ្យប្អូនៗ ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ និងឈ្វេងយល់ឱ្យបានច្បាស់ពីសារៈសំខាន់ នៃវគ្គសិក្សានេះ ជាពិសេសសារៈសំខាន់នៃភាសាបរទេសទាំងពីរភាសានេះ ក្នុងទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាការចេញទៅសិក្សានៅក្រៅប្រទេសនាពេលអនាគតផងដែរ។ ជាងនេះទៅទៀត ក្រោយពីបញ្ចប់វគ្គ សិក្ខាកាមទាំងអស់ ត្រូវបន្តផ្សារភ្ជាប់រក្សាទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីធានាថា សមត្ថភាពភាសាបរទេសរបស់ប្អូនៗ ក្មួយៗ ត្រូវបានពង្រឹងជាបន្តបន្ទាប់ពីសំណាក់លោកគ្រូ និងអ្នកគ្រូ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *