• អាទិត្យ. មិថុនា 15th, 2025 7:43:36 AM

ស្នាដៃ និងលទ្ធផលលេចធ្លោ ក្នុង ៣ខែដំបូងដើមឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន!

ឧសភា 9, 2025


ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ពោលគឺចាប់ពីខែមករា រហូតដល់ខែមីនាកន្លងទៅ សាលាជាតិរដ្ឋបាលមូលដ្ឋានហៅកាត់ថា NASLA បានខិតខំអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផលលើការងារសំខាន់ៗជាច្រើន ទាំងការងារអភិវឌ្ឍន៍ សមត្ថភាព ការងារស្រាវជ្រាវអំពីអភិបាលកិច្ចមូលដ្ឋាន និងការងារគ្រប់គ្រងនិងអភិវឌ្ឍន៍អង្គភាព ក្នុងនោះក៏បូករួមទាំងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ អន្តរជាតិ ក៏ដូចការធ្វើបរិវត្តកម្មឌីជីថលសាលាជាតិរដ្ឋបាលមូលដ្ឋាន។

បើតាម ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ស្នាដៃ និងលទ្ធផលលេចធ្លោដែល NASLA ក្នុងត្រីមាសទី១នេះ សាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៦វគ្គ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២១៨រូប (ស្រី៦៧រូប) ពាក់ព័ន្ធប្រធានបទនានាដូចជាការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងផ្អែកលើលទ្ធផល ការតាក់តែងអត្ថបទ ការរៀបចំរបាយការណ៍ ការរៀបចំសុន្ទរកថា បទអន្តរាគមន៍ និងជំនួយស្មារតី និងការងារពិធីការជាដើម។ល។ 

ឯកឧត្តមនាយក បន្ថែមទៀតថា ក្រៅពីការចុះស្រាវជ្រាវ និងរៀបចំឯកសារស្រាវជ្រាវនានា សាលាជាតិរដ្ឋបាលមូលដ្ឋានក៏បានសហការរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់  នៅសហគមន៍នេសាទជ្រលង ខេត្តព្រះសីហនុ” ដែលជាវេទិកាដ៏មានសារសំខាន់មួយ ផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ក្នុងការរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ ក៏ដូចការរួមគ្នារិះរកនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ខ្លួនប្រកបដោយចីរភាព និងភាពធន់។

ចំពោះការសាងសង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋានរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានវិញ ឯកឧត្តម សូ មុនីរក្សា បង្ហើបឱ្យដឹងថា ការងារនេះ សម្រេចបានវឌ្ឍនភាពប្រមាណ ៨៦%ហើយ ដោយបច្ចុប្បន្ន បាននិងកំពុងរៀបចំបញ្ចប់ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធមេកានិក និងប្រព័ន្ធអគ្គិសនី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ សាលាជាតិរដ្ឋបាលមូលដ្ឋានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។

ក្នុងត្រីមាសដដែល សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៥វគ្គ ដែលមានសិក្ខាកាមចូលរួមសរុប ១៦១នាក់ ស្រី(៥៥នាក់)។ ក្នុងនោះសាលាបានចាត់បញ្ជូនមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមវគ្គបណ្តុះបណ្តាល នៅក្នុងប្រទេសចំនួន២វគ្គ ដែលរៀបចំដោយ ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកនៅកម្ពុជា និងក្រសួងផែនការ ព្រមទាំងបានចាត់បញ្ជូនមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅក្រៅប្រទេសចំនួន២វគ្គ នៅព្រះរាជាណាចក្រថៃ និងប្រទេសណូវែលសេឡង់។

ក្រៅពីនេះសាលាជាតិរដ្ឋបាលមូលដ្ឋាន បាននិងកំពុងរៀបចំ និងកែសម្រួលកម្មវិធីសិក្សា និងឯកសារបណ្តុះបណ្តាល រៀបចំសៀវភៅគោល និងសៀវភៅណែនាំ ស្រាវជ្រាវអំពីអភិបាលកិច្ច និងការអភិវឌ្ឍន៍មូលដ្ឋាន រៀបចំលិខិតបទដ្ឋានគតិយុទ្ធ និងឯកសារគោលនយោបាយ។ ទន្ទឹមនេះសាលាបាននិងកំពុងរៀបចំ ការងារចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយបច្ចុប្បន្ន សាលាជាតិរដ្ឋបាលមូលដ្ឋានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ដៃគូសរុបចំនួន១៤ ក្នុងនោះមានក្រសួងចំនួន១ ស្ថាប័នបណ្តុះបណ្តាលចំនួន៨ (ក្នុងប្រទេសចំនួន៧ និងក្រៅប្រទេសចំនួន១) និងអង្គការសង្គមស៊ីវិលចំនួន៥។

សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន ១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ៕

ដោយ សេង បូលីន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *