• អាទិត្យ. ធ្នូ 22nd, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសអូស្ត្រាលី………………..

មិថុនា 16, 2024


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេលមួយសប្ដាហ៍ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

នាអំឡុងទស្សនកិច្ចនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងមន្ត្រី នៃអង្គភាពពាក់ព័ន្ធវិស័យមហាផ្ទៃ និងទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនទៀត។

ក្នុងជំនួបជាមួយឯកឧត្តម Andrew Giles រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងបទពិសោធលើការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសបច្ចេកវិទ្យា កំណែទម្រង់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ យុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីផ្តល់ទិដ្ឋាការ ព្រមទាំងបានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម Andrew Giles ក៏បានមើលឃើញអំពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងព័ត៌មានឱ្យបានទាន់ពេលវេលា។ ឯកឧត្តម Andrew Giles បានទទួលយកសំណូមពររបស់ឯកឧត្តមអភិសន្តិបណ្ឌិត លើការងារបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់មន្រ្តីនគរបាលជំនាញកម្ពុជា។

ដោយឡែកក្នុងជំនួបជាមួយលោកជំទាវ Michelle Chan អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំពីទិដ្ឋភាពទូទៅនៃការវិវឌ្ឍថ្មីៗនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបន្តថែរក្សាសន្តិភាព ដែលប្រទេសកម្ពុជា រកបានដោយលំបាក សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លោកជំទាវ Michelle Chan បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អូស្រ្តាលី នាពេលកន្លងមក ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកម្ពុជា-អូស្រ្តាលី និងជាពិសេស ទស្សនកិច្ចដ៏ជោគជ័យនាពេលថ្មីៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី និងលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី។

ភាគីទាំងពីរ ក៏មានការយល់ឃើញដូចគ្នាអំពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស តាមរយៈក្របខណ្ឌទ្វេភាគី និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អូស្រ្តាលី។

ក្រៅពីជំនួបទ្វេភាគី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក៏បានជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃនៃប្រទេសអូស្រ្តាលី រួមមាន៖ អង្គភាពទទួលបន្ទុកកិច្ចការគោលនយោបាយសាយប័រ កម្លាំងត្រួតពិនិត្យព្រំដែនអូស្រ្តាលី វិទ្យាស្ថានបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ និងអង្គភាពចារកម្មជាតិ ព្រមទាំងជាមួយមន្រ្តីជំនាញនៃនគរបាលសហព័ន្ធអូស្រ្តាលី និងបានចុះទស្សនកិច្ចផ្ទាល់ដល់ទីតាំងមន្ទីរពិសោធន៍ច្រកទ្វារឆ្លាតវៃ នៃក្រសួងមហាផ្ទៃអូស្រ្តាលី។

ក្នុងជំនួប និងទស្សនកិច្ចផ្ទាល់នោះ គណៈប្រតិភូ បានផ្លាស់ប្តូរ និងដកបទពិសោធលើការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសបច្ចេកវិទ្យា កំណែទម្រង់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ យុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីផ្តល់ទិដ្ឋាការការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស យុទ្ធសាស្រ្ត និងផែនការសកម្មភាពស្តីពីសន្តិសុខសាយប័រ ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋនៃប្រទេសទាំងពីរ ដែលពុំមានមូលដ្ឋានស្នាក់នៅស្របច្បាប់ ការប្រមូលវិភាគព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ការទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាខុសគោលដៅ ដូចជា៖ ថ្នាលទំនាក់ទំនងសង្គម បញ្ញានិម្មិត (AI) និងការជ្រៀតជ្រែកពីរដ្ឋ និងភ្នាក់ងារបរទេស សំដៅធានាសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅក្នុងប្រទេសទាំងពីរ និងតំបន់។

នាឱកាសទស្សនកិច្ចនោះ ភាគីកម្ពុជា និងភាគីអូស្រ្តាលី ក៏បានបង្ហាញឆន្ទៈខ្ពស់ និងឯកភាពក្នុងការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យជំនាញពាក់ព័ន្ធក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃអូស្រ្តាលី ក្រសួងទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ និងនគរបាលសហព័ន្ធអូស្រ្តាលី នាពេលខាងមុខ។ ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅប្រកបដោយ​ជោគជ័យ ជាមួយនឹង​ការវាយតម្លៃ​​បូកសរុបដកស្រង់បទពិសោធល្អៗ​ដែលបានអនុវត្តនៅប្រទេសទាំងពីរ។

ជារួម ក៏មិនខុសពីដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីពេលកន្លងទៅនោះដែរ ពោលគឺទន្ទឹមនឹងការផ្លាស់ប្ដូរមតិយោបល់ និងការឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្រិតនយោបាយជាមួយថ្នាក់ដឹកនាំអូស្ត្រាលី គណៈប្រតិភូដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រមូលនិងច្បិចយកបទពិសោធល្អៗនៃការអនុវត្តការងារជំនាញបច្ចេកទេសរបស់អង្គភាព និងមន្ត្រីពាក់ព័ន្ធអូស្ត្រាលី ដើម្បីមកធ្វើជាធាតុចូលសម្រាប់កំណែទម្រង់ និងការធ្វើទំនើបកម្មការងារដែលពាក់ព័ន្ធផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *