ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានសមាជិកនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយសំឡេងឆ្នោតគាំទ្រ ចំនួន ១ ១៨៧ សំឡេង ដែលស្មើនឹង ៩៩.៩២% ខណៈសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បានបោះឆ្នោតជ្រើសរើស បន្ថែមថ្មីចំនួន ២៣ រូបទៀត ។ ការបោះឆ្នោតនេះ គឺធ្វើឡើងក្នុងពេលដែលគណបក្សប្រជាជន បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ នាវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា ត្រូវបានដឹកនាំដោយសម្ដេចមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងមានអនុប្រធានចំនួន ៥រូប ដែលរួមមាន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។សូមជម្រាបថា នៅក្នុងមហាសន្និបាតកាលពីម្សិលមិញ សមាជិកចំនួន ៤៩៦ នាក់បន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្ស ។ ការបន្ថែមសមាជិកថ្មីជិត ៥០០ នាក់នេះ ធ្វើឱ្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប ។ក្រៅពីបោះឆ្នោតបញ្ចូលសមាជិកថ្មីបន្ថែមទៀត ទៅក្នុងគណៈកម្មាធិការកណ្តាល នៅក្នុងមហាសន្និបាតវិសាមញ្ញលើកនេះ ក៏មានការបោះឆ្នោតការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ ៕