ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សរុបចំនួន ៩.៩១៤សន្លឹក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងនាព្រឹក១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្នុងរយៈពេលដូចគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងដែរថា មន្រ្តីក៏បានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀត សរុបជាង២ម៉ឺនសេវា ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃដែរ ក្នុងនោះរួមមាន សេវាលិខិតឆ្លងដែនមានចំនួន ១១.៧១៨ក្បាល លិខិតធ្វើដំណើរមានចំនួន ២.៨២៧ក្បាល សៀវភៅស្នាក់នៅមានចំនួន ៤.២១៣ក្បាល និងសៀវភៅគ្រួសារមានចំនួន ៣.៦៧៣ក្បាល។
បើតាមលោកបណ្ឌិត ទូច សុឃៈ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរិះរកគ្រប់មធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យក្រសួងមហាផ្ទៃយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យសេវាសាធារណៈមានភាពងាយស្រួលជូនពលរដ្ឋ។
លោកបន្ថែមថា ជាក់ស្ដែងអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម បានដាក់ចេញនូវសេវាជាច្រើនតាមប្រព័ន្ធអនឡាញ (online) ជូនប្រជាពលរដ្ឋ ព្រមទាំងបន្តផ្ដល់សេវាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅតាមមូលដ្ឋាន និងនៅតាមផ្សារទំនើប ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ឱ្យបន្តសិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព ស្របតាមទស្សនៈ អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ដើម្បីជំរុញការងារផ្ដលសេវាអត្តសញ្ញាណប័ណ្ណ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសន្លឹកអត្តសញ្ញាណប័ណ្ណគំរូថ្មីរបកខូច សូមមេត្តាយកមកប្តូរនៅតាម ប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខ័ណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានីខេត្តនៃទីកន្លែងដែលបងប្អូនរស់នៅ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដោយឡែកអ្នកមានអត្តសញ្ញាណប័ណ្ណជិតផុតសុពលភាពក៏អាចស្នើសុំធ្វើឡើងវិញ ដោយឥតគិតថ្លៃនៅទីតាំងទាំងនោះបានដែរ៕
ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ