• ចន្ទ. ធ្នូ 23rd, 2024

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម វាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន…………………

កក្កដា 14, 2024


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម គាំទ្រ និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសទាំងពីរ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

ជាមួយគ្នានោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយបានចាត់ទុកថាជាការឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តរបស់ប្រជាជន បក្ស និងរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម ក្នុងបុព្វហេតុជាតិ និងប្រជាជនវៀតណាម។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងអបអរសាទររបស់សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះឯកឧត្ដម ក្នុងឱកាសទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ផងដែរ។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង
ឱកាសដែលឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។

ទន្ទឹមនឹងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ ភាគីទាំងពីរក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ជាយូរឆ្នាំកន្លងមក និយាយជារួម និងទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និយាយដោយឡែក នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *