• ចន្ទ. ធ្នូ 23rd, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូ ស្វែងយល់និងពិនិត្យដោយផ្ទាល់លើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការប្រឆាំងកម្មវិធីមេរោគ!……………….

មិថុនា 13, 2024


បន្ទាប់ពីបន្តដំណើរពីទីក្រុងមែលប៊ន មកដល់ទីក្រុងកង់បេរ៉ា ដោយមានការទទួលស្វាគមន៍និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូចូលរួមស្ដាប់បទបង្ហាញដោយមន្រ្តី និងអ្នកជំនាញអូស្ត្រាលី ព្រមទាំងចុះពិនិត្យនិងស្វែងយល់ដោយផ្ទាល់អំពីការអនុវត្តការងារអន្តោប្រវេសន៍។

ផ្ដើមមុនគេ គឺកិច្ចជំនួបពិភាក្សា និងស្ដាប់ការធ្វើបទបង្ហាញស្ដីពីកម្មវិធីអន្តោប្រវេសន៍ ជាមួយភាគីអូស្ត្រាលី ដឹកនាំដោយលោក Damien Kilner នាយកគ្រប់គ្រងស្ដីទី នៃក្រុមប្រតិបត្តិការអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃអូស្ត្រាលី ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីទិដ្ឋាការនៃប្រទេសអូស្ត្រាលី សុចរិតភាព និងអនុលោមភាពទិដ្ឋាការ និងការវិនិយោគលើវិស័យធុរកិច្ច និងទេសន្តរប្រវេសន៍របស់និយោជិតជំនាញ។

បន្ទាប់មក គឺកិច្ចជំនួបពិភាក្សា និងស្ដាប់ការធ្វើបទបង្ហាញស្តីពីគោលនយោបាយបច្ចេកវិទ្យា។ នៅទីស្ដីការក្រសួងមហាផ្ទៃអូស្រ្តាលី ដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានបន្តផ្លាស់ប្ដូរយោបល់ និងស្វែងយល់អំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពស្តីពីសន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងកម្មវិធីមេរោគ (Ransomware) ជាមួយភាគីអូស្ត្រាលី ដឹកនាំដោយលោក Brendan Dowling ឯកអគ្គរដ្ឋទូត ទទួលបន្ទុកកិច្ចការសាយប័រ និងបច្ចេកវិទ្យា។

ក្រោយបញ្ចប់ជំនួប និងស្ដាប់បទបង្ហាញ គណៈប្រតិភូបន្ត ទស្សនកិច្ចសិក្សាមន្ទីរពិសោធន៍ប្រព័ន្ធច្រកទ្វារវៃឆ្លាតរបស់កម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី ដោយមានការទទួលស្វាគមន៍ និងធ្វើបទបង្ហាញដោយផ្ទាល់ពីតំណាងក្រុមការងារ និងក្រុមប្រតិបត្តិការនៃកម្លាំងត្រួតពិនិត្យព្រំដែន។ ទស្សនកិច្ចនេះ បានផ្តោតលើបទពិសោធ និងការគិតគូរអំពីអភិក្រមច្រកទ្វារវៃឆ្លាត នៃប្រទេសអូស្ត្រាលី ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ការបង្ហាញកម្មវិធីសាកល្បងច្រកទ្វារវៃឆ្លាតជំនាន់ទី៣ និងកម្មវិធីប្រព័ន្ធស្វ័យប្រវត្តិកម្ម។

គួរកត់សម្គាល់ថា ក្នុងការងារអន្តោប្រវេសន៍ អូស្ត្រាលី បាននឹងកំពុងបន្តផ្ដល់ជំនួយក្រសួងមហាផ្ទៃកម្ពុជា ទាំងផ្នែកសម្ភារៈ និងគម្រោងបច្ចេកទេស និងការកសាងសមត្ថភាពមន្រ្តីលើជំនាញវិភាគឯសារធ្វើដំណើរ វិភាគព័ត៌មាន បច្ចេកទេសប្រៀបធៀបមុខមាត់ ជំនាញស៊ើបអង្កេត សួរចម្លើយ វាយតម្លៃអ្នកដំណើរ និងភាសាអង់គ្លេស។ ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាថ្ងៃម្សិលមិញ រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានបញ្ជាក់ពីការបន្តគាំទ្រ ពិសេសលើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *