• ចន្ទ. ធ្នូ 23rd, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីភាពពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យរដ្ឋ ចំនួន ៤…………………

មិថុនា 4, 2024 #IPA, #News

នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យក្រចេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ ឯកឧត្តម នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋទាំង៤ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ សរុបប្រមាណ ១០០រូប។

យោងតាមរបាយការណ៍ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន អនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ជាមួយសាកលវិទ្យាល័យទាំង៤ មានគោលគោលបំណងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងគូភាគី ពាក់ព័ន្ធនឹងការសិក្សាអប់រំ ការបណ្តុះបណ្តាល និងការស្រាវជ្រាវ ព្រមទាំងការអនុវត្តគម្រោងកម្មវិធីផ្សេងៗ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំង៤ ព្រមទាំងសហការីទាំងអស់ ដែលបានខិតខំរួមគ្នាសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំឱ្យមានពិធីចុះហត្ថលេខាជាផ្លូវការនូវអនុស្សរណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃការព្រមព្រៀងគ្នានាពេលនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពសចំពោះគោលបំណងនៃអនុស្សារណៈនេះ ពិសេសការជួយសហការគ្នារៀបចំការអភិវឌ្ឍធនធានមនុស្ស ការរៀបចំចែករំលែកបទពិសោធន៍លើការដឹកនាំកម្មវិធីអប់រំ ការប្រើប្រាស់ធនធានសិក្សា ព្រមទាំងយន្តការនានាសំដៅជំរុញឱ្យការងារមានប្រសិទ្ធភាពកាន់តែខ្លាំងក្លា ក្នុងគោលដៅគាំទ្រតាមផែនការនៃការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណវុឌ្ឍិខ្ពស់ ទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ដូចបណ្តាប្រទេសដទៃទៀតដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបាន ដើម្បីឱ្យប្រទេសជាតិ មានមូលធនមនុស្សគ្រប់គ្រាន់ប្រកបដោយសមត្ថភាព សំដៅធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបម្រើសេវាសាធារណៈ ក៏ដូចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើជឿនលឿនប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងចីរភាព ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានាដូចជា៖ ជប៉ុន សិង្ហបុរី និងសាធារណរដ្ឋកូរ៉េ ជាដើម។

ក្នុងឱកាសនេះដែរ ដើម្បីជួយសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យដៃគូទាំង៤ មានមូលដ្ឋានកាន់តែច្បាស់ ក្នុងការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យខិតខំរួមគ្នាពង្រឹង និងអភិវឌ្ឍការងារស្រាវជ្រាវ តាមគ្រប់រូបភាព ពិសេសពាក់ព័ន្ធសមត្ថភាពអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការតាមដានវាយតម្លៃ និងការលើកជាអនុសាសន៍ពាក់ព័ន្ធការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយពាក់ព័ន្ធ ដើម្បីបម្រើឱ្យការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *